តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
ពិធីនេះ ក៏នឹងមានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីការដឹកនាំធ្វើពិធីកម្មនានា ពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ នឹងអានពាក្យពេចន៍សច្ចាប្រណិធាន ហើយតំណាងរាស្ត្រទាំងអស់ថាតាម។ បន្ទាប់ពីបានអាននូវពាក្យពេចន៍សច្ចាប្រណិធានហើយនោះ តំណាងរាស្ត្រទាំងអស់ ក៏នាំគ្នាផឹកទឹកពិភទ្ទសច្ចា។
ពិធីសច្ចាប្រណិធាននេះ បានបង្ហាញឱ្យឃើញនូវការតាំងចិត្តប្តេជ្ញាដ៏មុតមាំមួយ ទៀតរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ក្នុងការប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕
អត្ថបទ៖ អក្ខរា