វចនានុក្រមខ្មែរជាង ៤ម៉ឺនពាក្យ រៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងផ្សព្វផ្សាយជាផ្លូវការឆាប់ៗនេះ

វចនានុក្រមខ្មែរ ដែលរៀបរៀងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្សព្វផ្សាយជាផ្លូវការក្នុងពេលឆាប់ៗ ដោយមានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។

ជាសក្ខីភាព ដើម្បីផលិតវចនានុក្រមខ្មែរនេះឡើង គឺត្រូវការឆ្លងកាត់ការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងជាច្រើនដំណាក់កាល ដោយមានការចូលរួមពីឥស្សរជន បណ្ឌិតសភាចារ្យ បណ្ឌិត និងមន្រ្តីបច្ចេកទេស មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា វចនានុក្រមខ្មែរមួយនេះ ផ្សំពីវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត និងបូកថែមជាមួយពាក្យថ្មីៗ នឹងក្លាយជាវចនានុក្រមគោល។ វចនានុក្រមខ្មែរ នឹងចេញពីរោងពុម្ភ នៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

បន្ថែមពីនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ និងបានបង្កើតជាទម្រង់សុសវែរដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទឆ្លាតប្រព័ន្ធ IOS និង Android (Khmer Dictionary 2022)។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងដាក់ឱ្យដំណើរការសាកល្បង សុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ នេះនៅក្នុងទូរសព្ទឆ្លាតទាំង២ប្រព័ន្ធ ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ដើម្បីធ្វើឱ្យសុសវែរវចនានុក្រមកាន់តែល្អប្រសើរ ក្នុងពេលសាកល្បងប្រើប្រាស់សុសវែរវចនានុក្រមនេះ ប្រសិនបើ​សាធារណ​ជន ជាពិសេសអ្នកស្នេហាអក្សរសាស្ត្រខ្មែររកឃើញកំហុសដែលកើតឡើងដោយអចេតនាណាមួយ សូមមេត្តាផ្តល់មតិយោបល់ស្ថាបនាទាំងបញ្ហាភាសាវិទ្យា និងបញ្ហាបច្ចេកទេសតាមរយៈទូរសព្ទ ០១១ ៧៣៤៩៩២ វេបសាយ : https://nckl.rac.gov.kh ហ្វេសប៊ុក : ក្រុមប្រឹក្សាជាតិភាសាខ្មែរ-កជភខ៕

អត្ថបទ៖ អក្ខរា