ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់។
ក្រសួងបញ្ជាក់ថា សារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារនេះ៖ “អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ munnn#https://telegram.we…. ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី ២៤ ម៉ោង។”
ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់ បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន។
ដូចនេះ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។
ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Teminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ឬស្កេន QR Code ៕
អត្ថបទ៖ អក្ខរា