តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនាការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ។
ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ក្នុងព្រះរាជសុន្ទរកថាបន្តថា៖ “ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល”៕
អត្ថបទ៖ អក្ខរា