សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ត្រូវធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះហេីយក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។
យោងតាមការជូនដំណឹងរបស់រដ្ឋសភា សម្រាប់សម័យប្រជុំលើកដំបូងនេះនឹងចាប់ផ្តើមនៅម៉ោង៨:០០ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។
ដោយឡែកពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង៕
អត្ថបទ៖ អក្ខរា