ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហានេះ ចេញសេចក្ដីបកស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែត The Cambodia Daily លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ក្នុងសេចក្តីបំភ្លឺ ស្ថានទូតកច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយ ពីស្ថានទូតខ្មែរ” នៅលើបណ្តាញ Facebook នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ការចុះផ្សាយនេះពុំមាន មូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិត ដែលផ្ទុយពីច្បាប់សារព័ត៌មាន ក្នុងបំណងបង្កការញុះញង់ឲ្យបងប្អូនខ្មែរ ជាពិសេស កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចោទប្រកាន់ ឬខឹងសម្បារនឹងស្ថានទូត ថាមិនអើពើជួយដោះស្រាយបញ្ហាមួលបង្កាច់ខាងលើ របស់សារព័ត៌មានគ្មានវិជ្ជាជីវៈ និងគ្មានក្រមសីលធ៌មសារព័ត៌មានសុទ្ធសាធ។
ស្ថានទូតសូមជម្រាបជូនថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុង ប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន ២០,៥៦១ នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិ អត់ការងារធ្វើ ដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុស ច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែងការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់។
ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថា មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់លើសុខទុក្ខរបស់ពលករខ្មែរនោះ ជាព័ត៌មានមួលបង្កាច់ខុសពី ការពិតទាំងស្រុង។ ជាក់ស្តែង ស្ថានទូតក៏ដូចជាមន្ត្រីស្ថានទូត តែងតែខិតខំយកចិត្តទុកដាក់ជានិច្ចលើសុខទុក្ខរបស់សិក្ខាកាម និងពលក
រជំនាញ ព្រមទាំង រាល់ពេលតំណាងស្ថានទូតចុះជួបពួកគេ នៅតាម ក្រុមហ៊ុនដែលពួកគេធ្វើការ ស្ថានទូតតែងបានផ្សព្វផ្សាយ និងណែនាំពួកគាត់បានយល់ដឹងពីការគោរពគ្រប់ច្បាប់ជប៉ុន ការចៀសវាងនូវការជឿតាមការបោកប្រាស់របស់ពួកមេខ្យល់ ការខិតខំរៀនសូត្រដើម្បីបទ ពិសោធន៍និងអនាគតរុងរឿងរបស់ពួកគាត់។ល។ ស្ថានទូតក៏ប្រាប់ដល់សាធារណជនសូមជឿទុកចិត្ត មកលើយន្តការផ្តល់សេវាគាំពារ និងទ្រទ្រង់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ស្នើសុំសារព័ត៌មាន The Cambodia Daily ធ្វើការ កែសម្រួលការចុះផ្សាយរបស់ខ្លួន ដោយឈរលើមូលដ្ឋានព័ត៌មានពិត និងមានសីលធម៌វិជ្ជាជីវៈជាចំបង៕
អត្ថបទ៖ អក្ខរា