គ្រឿងញៀនជាង ១២៨គីឡូក្រាម ប្រមូលមកពីខេត្តសៀមរាប ព្រះវិហារ កំពង់ធំ ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ នៅស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាសវិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ពិន ប្រាកដ អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីប្រតិភូខេត្តព្រះវិហារ ខេត្តកំពង់ធំ ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំង៣ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សានុសិស្ស អ្នកពាក់ព័ន្ធសរុប ៤០០នាក់។
ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងស្វាគមន៍និងរបាយការណ៍ថា អនុវត្តផែនការលេខ ០១ ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ របស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីអនុវត្តច្បាប់បានបង្រ្កាបដកហូតវត្ថុតាង និងបំផ្លាញចោលតាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តទាំង០៣ មានទម្ងន់សរុប ១២៨.០០០,៤ក្រាម (មួយរយម្ភៃប្រាំបីពាន់ក្រាម៤) ក្នុងនោះ៖ ១.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបគ្រឿងញៀនសរុបទម្ងន់ ២៧.៦៣៤,៣៦ក្រាម ២.ខេត្តកំពង់ធំ មានគ្រឿងញៀនសរុបចំនួន ៤២៩,៨២ ក្រាម និង៣.ខេត្តព្រះវិហារមានគ្រឿងញៀនសរុប ៩៩.៩៤០,១៩ក្រាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ក្រុង ស្រុក រួមទាំងសមត្ថកិច្ចតុលាការ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក និងស្នើសុំដល់គ្រប់សមាសភាពទាំងអស់ ត្រូវជួយបង្កើនការងារផ្សព្វផ្សាយអប់រំផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ ចូលរួមឱ្យមានប្រសិទ្ធភាព នូវទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង មួយរាយការណ៍ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕