នៅពេលឆាប់ៗខាងមុខនេះ ក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការលើសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដំណាក់កាលទី២ ដែលកាន់តែផ្តល់ភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់បងប្អូនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស ដោយអនុញ្ញាតឱ្យបងប្អូនបំពេញពាក្យស្នើសុំ និងទូទាត់ប្រាក់សេវា តាមប្រព័ន្ធអនឡាញតែម្តង ដោយមិនតម្រូវឱ្យបងប្អូន អញ្ជើញមកដាក់ពាក្យ និងបង់ប្រាក់ដោយផ្ទាល់នៅក្រសួងយុត្តិធម៌ទៀតទេ។
សេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដោយសារ ព័ត៌មានក្នុងព្រឹត្តិបត្រថ្កោលទោសជាព័ត៌មានឯកជនរបស់អ្នកស្នើសុំ ហេតុនេះក្រសួងតម្រូវឱ្យអ្នកស្នើសុំមកទទួលយកព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ខ្លួនតែម្តងគត់នៅក្រសួងយុត្តិធម៌(ករណីឯកសារយោងរបស់អ្នកស្នើសុំមានលក្ខណៈត្រឹមត្រូវ) ក្រោយពីព្រឹត្តិបត្រថ្កោលទោសបានរៀបចំរួចរាល់ ។
បើតាមក្រសួងយុត្តិធម៌ ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រុមការងារក្រសួងយុត្តិធម៌និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកំពុងពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាង កម្ពុជានៅតាមបណ្តាប្រទេសនានា ដែលក្រសួងយុត្តិធម៌នឹងជូនដំណឹងនាពេលខាងមុខនេះ ។
សេចក្តីប្រកាសព័ត៌មានក្រសួងយុត្តិធម៌ថានឹងរកពេលវេលាជាក់លាក់មួយដើម្បីដាក់ឲ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដំណាក់កាលទី២ ឆាប់ៗខាងមុខនេះ៕