៦ខែឆ្នាំនេះ ជនបរទេសជិត ២៦ម៉ឺននាក់ បានសុំប័ណ្ណធ្វើការងារនៅកម្ពុជា ខណៈជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្តេញចេញ

ឯកឧត្តម​នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន១០៣៨នាក់មកពី ២៦ សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀត ត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​និងតែតាំងមុខតំណែង​នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានពិនិត្យ និងបន្តការអនុញ្ញាតិ ឲ្យជនបរទេសចំនួនជិតបីសែននាក់រស់នៅកម្ពុជាបន្តទៀត ខណៈការផ្តល់ទិដ្ឋាកាចេញជាងពីរពាន់នាក់ និងផ្តល់ជូនជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាងពីរសែនប្រាំបីម៉ឺន នាក់ផងដែរ។​ ឯកឧត្តម​ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះក៏ មានជនបរទេសជិត២៦ម៉ឺននាក់ បានមកសុំប័ណ្ណធ្វើការងារនៅប្រទេសកម្ពុជាផងដែរ ខណៈការស្នើសុំនេះគឺមានការសហការគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ឯកឧត្តម សុខ ផល ក៏បានជំរុញឲ្យនគរបាលអន្តោប្រវេសន៍ខិតខំកិច្ចការងាររបស់ខ្លួនឲ្យសកម្មបន្ថែមទៀត ក្នុងកិច្ចការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសន្តិសុខជាតិ ខណៈកិច្ចការងារដែលនគរបាលអន្តោប្រវេសន៍បានធ្វើនាពេលកន្លងមក បានល្អប្រសើរក៏ពិតមែន ប៉ុន្តែវាក៏នៅមានភាពចន្លោះប្រហោងដែលត្រូវតែបំពេញ និងត្រូវទប់ស្កាត់ឲ្យបានផងដែរ៕

អត្ថបទ៖ អក្ខរា