ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។

សម្ដេចបន្ថែមថា ចាប់ពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៨លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្ដេចក្រឡាហោម ក៏បានបង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។ សម្ដេចបន្ថែមថានៅក្រោយការបោះឆ្នោត២០២៣នេះ តំណាងគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីបរិយាកាសយ៉ាងល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងថាការបោះឆ្នោតនេះមានសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ មានតម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ។ សម្ដេចបញ្ជាក់ទៀតថា ការវាយតម្លៃខាងលើនេះ ជាសូចនាករវាយតម្លៃការបោះឆ្នោត និងជាសមិទ្ធផលថ្មីមួយទៀតនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោយចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស។ លទ្ធផលផ្លូវការ ត្រូវបាបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានចំនួន៥អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន១២៥។

រដ្ឋសភាបានប្រកាសបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងផ្ដល់សេចក្ដីទុកចិត្តរាជរដ្ឋាភិបាលនីតិកាលថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
កម្ពុជាបានរៀបចំការបោះឆ្នោតនីតិកាលទី១ ដោយអង្គការសហប្រជាតិកាលពីឆ្នាំ១៩៩៣ និងបាន រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅនីតិកាលទី២ ឆ្នាំ១៩៩៨។

កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៧លើកហើយ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៥លើករួចមកហើយ។ ក្រៅពីនេះក៏មានការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដោយអសាកលផងដែរ។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងបញ្ចៀសបានទាំងស្រុងនូវសង្គ្រាម និងការបែកបាក់ជាតិ៕