នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) និងមានមន្រ្តីចំនួន៦រូប ទទួលបានការបណ្ដុះបណ្ដាលនៃការប្រេីប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។ ការបណ្តុះបណ្តាល នេះមានរយ:ពេល១ថ្ងៃពេញ ដោយបានធ្វេីការណែនាំ អនុវត្តន៍ការប្រេីប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ នេះបើតាមការឲ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។
គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រីឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សន:កិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ៕