ប្រតិមានេះ ជាប្រតិមាព្រះគណេសធំជាងគេ ធ្វើពីថ្មភក់ មានព្រះសិរជាសត្វដំរី បើកស្លឹកត្រចៀក មានពាក់ក្បាំងទាំងសងខាង សុរង្គកមានលម្អនូវក្បាច់រំយោល មានស្នាប់ដៃ កងដៃ ស្នាប់ទ្រូង និងស្នាប់លម្អនៅលើប្រមោយ ស្លៀកសំពត់ភ្លីញឹកត្រឹមភ្លៅទម្លាក់ជាយជាបន្ទះធំរាងដូចផ្លិតចំពីមុខតាមលំនាំក្បាច់លម្អនៃរចនាបថកោះកេរ ក្នុងសម័យអង្គរ នាសតវត្សទី១០។
ផ្អែកតាមលទ្ធផលដែលរកឃើញដោយក្រុមការងារស្រាវជ្រាវ ចងក្រង និងទាមទារត្រឡប់មកវិញនូវវត្ថុសិល្បៈខ្មែរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញថាប្រតិមានេះត្រូវបានលួចចេញពីទីតាំងប្រាសាទបាក់នៅកំឡុងឆ្នាំ២០០៣។ ប្រតិមានេះរងការខូចខាតជាដំណំព្រោះជនទុច្ចរិតបានបំបែកជាបំណែកៗមានតូចមានធំ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ព្រំដែនខ្មែរ-ថៃ។ ប្រតិមានេះត្រូវបានប្រគល់ពីសហរដ្ឋអាមេរិកវិញនាឆ្នាំ២០២៣។
កំណត់សម្គាល់៖ ប្រាសាទបាក់ជាប្រាសាទទោលដែលស្ថិតនៅក្បែរអ័ក្សផ្លូវចូលប្រាសាទធំ ក្នុងតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ សង់ឡើងពីថ្មបាយក្រៀមដែលមានតួប៉មរាងការ៉េ។ ប្រាសាទបាក់ជាគម្រូប្រាសាទដ៏កម្រមួយរបស់ខ្មែរបុរាណដែលឧទ្ទិសដល់ព្រះគណេស (បុត្រារបស់ព្រះឥសូរក្នុងសាសនាហិណ្ឌូ) ដោយសារតែមានប្រតិមាគណេសដ៏ធំមួយតម្កល់នៅក្នុងប្រាសាទនេះ។
ប្រភព៖ សារមន្ទីរជាតិកម្ពុជា «វត្ថុបុរាណខ្មែរដែលបានប្រគល់ជូនកម្ពុជាវិញ» ២០២៣