Facebook ផ្លូវការរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីកម្ពុជា ដែលមានឈ្មោះថា «Dr. Hun Manet, Prime Minister of Cambodia» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រុមហ៊ុន Meta (Facebook)ហើយ ជាមួយនឹងការផ្ដល់សញ្ញាធិកពណ៌ខៀវ «Verified» មានអ្នក like ចំនួន ជាង២.១លាននាក់ និងមានអ្នកតាមដានរហូតដល់ជាង ២.២លាននាក់ មកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ។
ទន្ទឹមនេះ ឆាណែល Telegram ផ្លូវការរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានអ្នកតាមដានរហូតជាង ៣៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី១២ ខែសីហា ក៏បានប្តូរទៅជា «Dr. Hun Manet, Prime Minister of Cambodia» ផងដែរ។
ការសម្រេចបន្ថែមពាក្យ Prime Minister នៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន ប្តូរឈ្មោះ Channel telegram ទៅជា Hun Sen of Cambodia បន្ទាប់ពីសម្ដេចបានជួបជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទី៦ និងសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទី៧ថ្មី នៃកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
Channel Telegram របស់សម្តេចនេះនៅតែបន្តប្រើប្រាស់ជាធម្មតា ដោយគ្រាន់តែប្តូរឈ្មោះទៅជា Hun Sen of Cambodia វិញម្តង។ ការផ្លាស់ប្តូរឈ្មោះ Channel telegramនេះ ច្បាស់ណាស់ថា បន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នឹងលាលែងពីតំណែងនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលគ្រោងប្រកាសជាផ្លូវការនាថ្ងៃទី២២ ខែសីហាខាងមុខនេះ៕
អត្ថបទ៖ អក្ខរា