នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នាថ្ងៃទី១០ខែសីហាឆ្នាំ ២០២៣ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកHYUNDAI ស្លាកលេខភ្នំពេញ 3F 5492 ដឹកពងមាន់ចំនួន៣៦០,០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាម តាមច្រកកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ រួចឆ្ពោះទៅលក់ចែកចាយនៅខេត្តកំពង់ធំ(តាមការឆ្លើយបំភ្លឺរបស់ម្ចាស់ដឹកពងមាន់)។
ក្រុមការងារបានឃាត់នៅចំណុច ភូមិ វាលថ្លាន់សង្កាត់គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកពងមាន់ និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ុន សារ៉ាត់ ក្រុមអន្តាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ.
គួរជម្រាបថា នេះមិនមែនជាលើកទី១ទេដែលអាជាធរបន្តចាប់បានស៊ុតបក្សីជាច្រើនម៉ឺនគ្រាប់ ដែលដឹកពីវៀតណាមដោយខុសច្បាប់។មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១១ខែកក្កដា បានស្ទាក់ចាប់បានរថយន្តមួយគ្រឿង ម៉ាក SANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ដឹកពងមាន់-ទាចំនួន ២៣៧០០គ្រាប់ ពីវៀតណាម មកកាន់កម្ពុជាតាមស្រុកគិរីវង់ ខេត្តតាកែវ បម្រុងយកទៅចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។ នេះបើតាមហ្វេសប៊ុក របស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។
ដោយឡែក នៅថ្ងៃទី១២ ខែកក្កដា ក្រុមការងាជំនាញដដែល ចាប់បានរថយន្តមួយគ្រឿងទៀត ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអីដូចគ្នា ដឹកស៊ុតសត្វមាន់ចំនួន៣៧៥០០គ្រាប់ ពីវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវចូលមកលក់ចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត៕
អត្ថបទ៖ អក្ខរា