សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកជំទាវ ឃួន សុដារី នឹងឡើងកាន់តំណែងជាប្រធានរដ្ឋសភាជំនួសសម្តេច ហេង សំរិន

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៩ ខែសីហានេះ បានចេញសារសម្លេងទាក់ទងជាមួយតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបានប្រកាសថា តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មក ដោយកំណត់​យក​លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងឡើងធ្វើជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៧ ដែលជាការលើកកម្ពស់តួនាទីរបស់ស្ត្រី។

សម្តេចតេជោ ក៏បានឲ្យដឹងថា អនុប្រធានទី១នៃរដ្ឋសភា គឺឯកឧត្តម ជៀម យៀប ដដែល ខណៈអនុប្រធានទី ២​នៃ​​រដ្ឋសភា គឺឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ បើតាមសម្តេចតេជោ សមាសភាពរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នឹងត្រូវបង្ហាញនៅថ្ងៃស្អែកនេះ។

តាមគម្រោងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី។ ជំនួបនេះ នឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។ ​ក្រោយការស្បថចូលកាន់តំណែង អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាព ចាប់ពីថ្ងៃទី២២ ខែសីហា២០២៣តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីៗដែលភាគច្រើនជាយុវជនអ្នកបន្តវេន៕

អត្ថបទ៖ អក្ខរា