ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង ១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
តាមទម្លាប់ដូចនីតិកាលមុនៗ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំជាលើកដំបូងរបស់រដ្ឋសភា ដោយមានថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ថ្វាយព្រះពរស្វាគមន៍ និងកងកិត្តិយសត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ចរួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជា ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះពុទ្ធរូប នៅខាងក្នុងវិមានរដ្ឋសភា មុនពេលព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងគង់ប្រថាប់នៅខាងក្នុងសាលប្រជុំវិមានរដ្ឋសភា។
នៅពេលចាប់ផ្តើមកម្មវិធីដំបូងគឺគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកព្រឹទ្ធសមាជិករដ្ឋសភា ដែលសំដៅលើបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតមានអាយុច្រើនជាងគេ សម្តេច ហេង សំរិន សូមព្រះបរមរាជានុញ្ញាតយាងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានព្រះរាជសុន្ទរកថាបើកទៅកាន់កិច្ចប្រជុំសភានីតិកាលទី៧ ជាលើកដំបូង។
បន្ទាប់មក ព្រះមហាក្សត្រ ប្រោសព្រះរាជទានការថតរូបអនុស្សាវរីយ៍ ជាមួយបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនៅខាងមុខខ្លោងទ្វារវិមានរដ្ឋសភា។ក្រោយព្រះករុណា ព្រះមហាក្សត្រ ទ្រង់យាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញ រដ្ឋសភាក៏បានចាប់ផ្តើមសម័យប្រជុំលើកទី១ ដោយសម្តេចហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដឹកនាំសម័យប្រជុំទៅតាមរបៀបវារៈដែលបានកំណត់។ដោយឡែក នៅរសៀលថ្ងៃដដែល សមាជិកសមាជិការដ្ឋសភានីតិកាលទី៧ នឹងចូលស្បថសច្ចាប្រណិធាននៅព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។ ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ មានគណបក្សតែពីរប៉ុណ្ណោះ ដែលឈ្នះអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ ៦ ៣៩៨ ៣១១សំឡេង គ្រប់គ្រង ១២០អាសនៈ និងគណបក្សហ្វ៊ុនសិនប៉ិច ទទួលបានសំឡេងគាំទ្រ ៧១៦ ៤៩០ សំឡេង គ្រប់គ្រង ៥អាសនៈនៅក្នុងរដ្ឋសភា៕
អត្ថបទ៖ អក្ខរា