កាយរឹទិ្ធកម្ពុជា ៤៧រូប និងអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកនៅកូរ៉េខាងត្បូង

គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល មុនការមកដល់របស់ព្យុះ Typhoon Khanun នៅថ្ងៃទី៨ ខែសីហា ២០២៣នេះ។ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ផ្លាស់ប្តូរទីតាំងទៅរដ្ឋធានីសេអ៊ូល។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II មានល្បឿនខ្យល់លើសពី ១០០គម/ម៉ោង និងមកដល់ឆ្នេរខាងកើតខេត្តប៊ូសាន នាថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

ដើម្បីបញ្ចៀសគ្រោះអាសន្នធម្មជាតិនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសង្គ្រោះបន្ទាន់ ដើម្បីដឹកជញ្ជូនយុវជនកាយរឹទិ្ធទាំងអស់ចេញពីជំរំ និងទៅស្នាក់នៅតំបន់សុវត្ថិភាពក្នុងរដ្ឋធានីសេអ៊ូល។

ដោយបានការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា លោកជំទាវ គឹម សេដ្ឋានីប្រធានប្រតិភូមេដឹកនាំកាយរឹទ្ធជាតិកម្ពុជា និងលោកជំទាវ ជ្រឹងបុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ ចំនួន ៤៧ រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្ថិភាព។

ទោះបីការផ្លាស់ប្តូរទីតាំងស្នាក់នៅក្នុងជំរំយ៉ាងក្តី ក៏គណៈកម្មការរៀបចំការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅតែបន្តឱ្យប្អូនៗយុវជនកាយរឹទិ្ធអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ (Off-side Activities) ដូចជា ទស្សនកិច្ចសិក្សានៅតាមទីកន្លែងផ្សេងៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចម្រុះ ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបង្ហាញវប្បធម៌កូរ៉េ។ តាមគម្រោងកម្មវិធីជំរំនឹងចាប់ផ្តើមបន្តអនុវត្តចាប់ពីថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី១១ ខែសីហា នឹងប្រារព្ធពិធីបិទជំរំជាផ្លូវការនៅពហុកីឡដ្ឋានជាតិកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូល។

ក្រុមអ្នករៀបចំព្រឹត្តិការណ៍បោះតង់ពិភពលោកនេះបានបញ្ជាក់ថា អ្នកចូលរួមប្រហែលជាង ៣ម៉ឺននាក់ នឹងត្រូវដឹកតាមរថយន្តក្រុងនៅថ្ងៃអង្គារនេះទៅកាន់តំបន់ចេញផុតពីផ្លូវធ្វើដំណើរនៃព្យុះទីហ្វុងខានុន ដែលបានបំផ្លិចបំផ្លាញរួចហើយនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈគេរំពឹងថាព្យុះនេះនឹងវាយប្រហារប្រទេសកូរ៉េនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា៕

អត្ថបទ៖ អក្ខរា