ផ្លូវជាតិលេខ៧៦ ភូមិសាស្ត្រខេត្តមណ្ឌលគិរី បើកឲ្យប្រើប្រាស់បណ្ដោះអាសន្នហើយ បន្ទាប់ពីឈូសឆាយផ្លូវវាងរួចរាល់

ផ្លូវជាតិលេខ ៧៦ ស្នួល-រតនគិរី ( ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ) បានបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នហើយ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ។

អាជ្ញាធរបានបិទផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ និងបានប្រាប់ដល់សាធារណៈជនមានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី អាចធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្តោះអាសន្ន៕

អត្ថបទ៖ អក្ខរា