ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់ស្រាល ៥១នាក់ នៅខេត្តកំពង់ស្ពឺ

“ខ្ញុំមានការសោកស្តាយដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបង្ករបួសធ្ងន់ ស្រាល លើបងប្អូនកម្មករ កម្មការិនី ចំនួន ៥១ នាក់។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូន ពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ”។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ សូមបងប្អូនទាំងអស់ ជាពិសេសអ្នកបើកបរមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នករួមដំណើរ។

ឯកឧត្តមបានបន្តថា៖ “យើងពិតជាមិនចង់ឃើញគ្រោះអកុសលណាមួយកើតឡើងទេ តែគ្រប់ពេលដែលបងប្អូន ជួប ប្រទះបញ្ហា ក្រុមការងារទាំងអស់តែងតែខ្នះខ្នែងដើម្បីជួយដល់បងប្អូនគ្រប់ពេលវេលា។ នេះហើយ ជាបេះដូងរបស់អ្នកបម្រើប្រជាជន!”៕

អត្ថបទ៖ អក្ខរា