មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន និងមិនទទួលបានអាសនៈនៅរដ្ឋសភា ចេញមកទទួលស្គាល់លទ្ធផលបោះឆ្នោត និងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។
លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បានសរសេរលើហ្វេសប៊ុកខ្លួនថា «យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកាសដោយគជបគឺគណបក្សខ្មែររួបរួមជាតិ ពុំទាន់ទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡេីយទេ។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានអញ្ជេីញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងច្រេីនកុះករ»។ លោកបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ នឹងខិតខំព្យាយាមតស៊ូក្នុងវិស័យនយោបាយបន្តទៀតដេីម្បីបុព្វហេតុកម្ពុជានិងប្រជាពលរដ្ឋជាចម្បងទី១។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញមកអរគុណដល់ពលរដ្ឋដែលបានបោះឆ្នោតជូន គបម ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ។ លោក យ៉េង វីរៈ បានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដាថា៖ «លទ្ធផលបោះឆ្នោតបឋម បានចេញហើយ ខ្ញុំបានឃើញ និងគោរពទទួលស្គាល់ការសម្រេចចិត្តរបស់បងប្អូនម្ចាស់ឆ្នោត។ សម្រាប់រូបខ្ញុំផ្ទាល់ ទោះបងប្អូនមិនបានបោះឆ្នោតគាំទ្រឲ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏ខ្ញុំមិនមានការខកចិត្ត ខកបំណងអ្វីដែរ»។
ដោយឡែក អ្នកនយោបាយចាស់វស្សា លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅតែមិនទទួលបានលទ្ធផលល្អឡើយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា កន្លងមកនេះ។ លោកបានលើកឡើងថា បន្ទាប់ពីបានបោះឆ្នោតហើយ លោកទទួលយកលទ្ធផលដែលម្ចាស់អំណាចចូលរួមក្នុងការបោះឆ្នោតជាង ៨៤ភាគរយ ដោយគ្មានការតវ៉ាអ្វីនោះឡើយ។
ចំណែក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ដំណើរការបោះឆ្នោតនេះ គឺធ្វើឡើងដោយត្រឹមត្រូវ តែសម្រាប់គណបក្សលោកពុំទទួលបានសំឡេងគាំទ្រគ្រប់គ្រាប់ ដើម្បីទទួលបានកៅអីនៅរដ្ឋសភាឡើយ។ យ៉ាងណាមិញ លោក ពេជ្រ ស្រស់ បញ្ជាក់ថា ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ គណបក្សយុវជនរបស់លោកទទួលបានសំឡេងគាំទ្រកើន ២០០ភាគរយ បើធៀបនឹងការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលសបញ្ជាក់ថា ការយល់ដឹងរបស់ប្រជាជនខ្មែរក្នុងការគាំទ្រគណបក្សនយោយមានការរីកចម្រើន។
គណបក្សខ្មែរតែមួយ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ រៀបចំដោយគ.ជ.ប ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងអាចទទួលយកបាន។
សម្រាប់គណបក្សមហាសាមគ្គីជាតិខ្មែរវិញ ទោះបីជាមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តែគណបក្សនេះបានចេញសេចក្តីថ្លែងការណ៍ គាំទ្រលទ្ធផលបោះឆ្នោត។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។
សូមបញ្ជាក់ថា តាមលទ្ធផលបឋមបង្ហាញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ្វ៊ិនស៊ិនប៉ិចទទួលបាន ៥អាសនៈនៅក្នុងរដ្ឋសភា។ តាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសផ្សាយនៅចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (តាមករណីគ្មាន ឬមានពាក្យបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី)៕
អត្ថបទ៖ អក្ខរា