រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គោលបំណងរបស់ឯកឧត្តមដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាមួយសាធារណរដ្ឋហ្គីណេប៊ីសាវ ដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។ នេះបើតាមជំនួបសម្ដែងការគួរសម រវាងសម្ដេច ស ខេង ជាមួយ លោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមថាជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជាដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបន្តថា ទោះបីជាប្រទេសកម្ពុជា និងប្រទេសគីណេប៊ីសាវមានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានគាំទ្រចំពោះលទ្ធផលជំនួបរវាងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ និងសម្ដេចតេជោ នៅក្នុងការលើកកម្ពស់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ខណៈសម្ដេចក៏គាំទ្រ និងស្វាគមន៍គោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍រវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប លោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ី បានបញ្ជាក់ថា លទ្ធផលនៃជំនួបរវាងលោក និងសម្ដេចតេជោ ហ៊ុន សែន គឺប្រទេសទាំងពីរបានឯកភាពពិនិត្យទៅលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យកសិកម្ម។
ដោយឡែកសម្រាប់វិស័យកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា លោក ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាពិសេសការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ កម្ពុជា-គីណេប៊ីសាវ ក៏បានប្តេជ្ញាថា នឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនថែមទៀត៕ អត្ថបទ៖ពិសី