លោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។
កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញ លោក តាន់ស៊្រីដាតុ ជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព។ សម្តេចតេជោបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញរបស់ប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវកិត្តិយសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានចូលរួម ជាសាក្សីនៃដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកសភាអណត្តិទី៧ ដែលកំពុងដំណើរការអោយកាន់តែមានភាពល្អប្រសើរឡើង។
ក្នុងជំនួបនោះ មេដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់រីកចម្រើនថែមទៀត។
ឆ្លៀតនៅក្នុងឱកាសនេះដែរ ប្រធានសភាម៉ាឡេស៊ី បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ខាមុខនេះ៕