ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញ សន្លឹកឆ្នោតជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រឆាំងជាមួយនឹងរដ្ឋ និងបង្កចលាចលផ្សេងៗ ក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។
ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣៕