ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២ ខែកក្កដា ដែលត្រូវនឹងថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត បានយាងជាព្រះអធិបតីភាពនៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ។
អំឡុងពេលជួបជុំសមាជិក-សមាជិកា នៅស្នាក់ការកណ្តាលស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលថា គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវ គោលនយោបាយជាច្រើន សម្រាប់ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិ កាលទី៧នេះ ។
គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសន្យាប្តូរផ្តាច់ថែរក្សា ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានាដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាព្រំដែន, ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែងអ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជារាស្រ្តដែលមិន មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សាអំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យនៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរគ្រឿងញៀនជាដើម។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញនូវកាតព្វកិច្ចជាពលរដ្ឋផងដែរ។
បន្ទាប់ពីព្រះអង្គម្ចាស់ ព្រះប្រធាន បានមានព្រះបន្ទូលប្រកាសបើកពិធីយុទ្ធនាការឃោសនាបោះឆ្នោត អាណត្តិទី៧ នេះរួចមក ក្បួនដង្ហែបានចាប់ផ្តើមឡើងដោយរំលេចនូវ ទង់ជាតិ ទង់បក្សបក់រវិចៗជាមួយឯកសណ្ឋានព័ណ៌លឿងមាស យ៉ាងស្រស់ឆើតឆាយ អមជាមួយយានជំនិះដង្ហែ និងបដា ពាក្យស្លោក ព្រះឆាយាលក្ខណ៍ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រមបដាដែលមានគោលនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់នីតិកាលទី៧ ។
ក្បួនដង្ហែបានចាប់ផ្តើមចេញពីទីស្នាក់ការគណបក្ស ឆ្ពោះទៅកាន់បណ្តោយមហាវិថីព្រះសីហនុ បន្តតាមតីរវិថីព្រះស៊ីសុវត្ថិ មកក្រោមគល់ជ្រោយចង្វារ ឆ្ពោះទៅផ្លូវជាតិលេខ៥ រង្វល់គល់ស្ពានព្រែកភ្នៅ ឆ្ពោះមកស្ពានអាកាសផ្សារដីហុយ៕
អត្ថបទ៖ ពុទ្ធិកា