រឿង​សម្រេច​លុប​ចោល Facebook ផ្ទាល់ខ្លួន សម្តេច​តេ​ជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឲ្យប្រមាថលើយុទ្ធសាស្ត្រ​រ​បស់សម្ដេច

ថ្លែងពីវេទិកាជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ក្នុងខេត្តពោធិ៍សាត់  នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ផ្ទាល់ខ្លួន ហើយថាបើនៅតែព្រហើន សម្តេចអាចបញ្ជាឱ្យបិទ Face​book នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំង​នឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យប់មិញនេះ ខ្ញុំសម្រេចលុបចោល Facebook ដែលមានមនុស្ស១៤លាននាក់ ហើយពួកប្រឆាំងក្រៅប្រទេសកំពុងសប្បាយ ក៏ប៉ុន្តែអ្នកត្រូវគិត បើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ តែមិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកទេ តែលោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ ហ៊ុន សែន ឱ្យសោះ ហ៊ុន សែន បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែ ហ៊ុន សែន មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ អាចបានគ្រប់ពេលទាំងប្រព័ន្ធ Telegram ហើយឥឡូវមាន TikTok ទៀត»។

«គ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងសប្បាយដែលខ្ញុំបំផ្លាញចោល Facebook ប៉ុន្តែខ្ញុំនឹងផ្តាច់ជើងលោកឯង ប្រសិនបើព្រហើន ខ្ញុំនឹងឱ្យបិទ Facebook មិនឱ្យប្រើប្រាស់ក្នុងមួយរយៈខ្លី ឬមួយស្ថាពរ លោកឯកគិតយ៉ាងម៉េច តែខ្ញុំមិនចង់ប៉ះពាល់ដល់ប្រជាជនទេ ប៉ុន្តែអ្នកឯងកុំភ័ន្តច្រឡំជាមួយយុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យសោះគ្រាន់តែប្រដៅអ្នកឯង»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកដែលបង្កើត Facebook ប្រើឈ្មោះសម្តេច គឺសុទ្ធតែក្លែងក្លាយទាំងអស់ ព្រោះសម្តេចបានសម្រេចលុបចោល Facebook តាំងពីយប់មិញ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនា បានសម្រេចឈប់ប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ជាស្ថាពរ ព្រមទាំងឲ្យជំនួយការរបស់សម្តេចលុបចោលគណនី Facebook និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះសម្តេចចេញពីបញ្ជីFacebook ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសាររយះពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក​(Facebo​ok)រ​បស់សម្តេចជាច្រើនដែលមានរហូតជាង២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាង​ទៀតមួយរយះពេលចុងក្រោយនេះ សម្តេចបានរកឃើញបណ្តាញ​ទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សូមការយោគយល់ពីអ្នករាប់អានសម្តេចតាមFacebook និង សូមបង្វែរ មកភ្ជាប់ជាមួយឆាណែលtelegram វិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកសម្តេចតាមរយះតេឡេក្រាមវិញ។ ហើយចាប់ពីពេលនេះFacebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់។

ជាមួយគ្នា សម្តេចតេជោ ក៏បានបង្កើតគណនីTikTok ថ្មី និងមានមនុស្ស២នាក់យកឈ្មោះសម្តេចទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់ឯមួយទៀតមានអ្នកតាម​១​លាន២សែននាក់ និងអ្នកចូលចិត្តជាង១២លាននាក់៕

អត្ថបទ៖ ពុទ្ធិកា