មានតែគណបក្ស៤ប៉ុណ្ណោះ ចេញហែថ្ងៃដំបូង ខណៈអាជ្ញាធរត្រៀមកំលាំងជិត១០ម៉ឺននាក់ ការពារ

មានតែគណបក្សនយោបាយ ចំនួន៤ប៉ុណ្ណោះ ដែលចេញឃោសនា ស្វែងរកសម្លេងឆ្នោត ក្នុងថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ខណៈអាជ្ញាធរ បានត្រៀមកំលាំងប្រមាណជិត ១០ម៉ឺននាក់ ដើម្បីការពារ។

គណបក្សនយោបាយទាំង០៤នោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរតែមួយ។

យោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានអោយដឹងថា ក្នុង ចំណោម កម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់នេះ គឺកម្លាំងជាង២ម៉ឺននាក់ សម្រាប់ការពារការឃោសនាបោះឆ្នោត ខណៈដែលកម្លាំងជាង ៧ម៉ឺននាក់ទៀត សម្រាប់ការពារនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្រៅពីកម្លាំងជិត១០ម៉ឺននាក់នេះ សមត្ថកិច្ច ក៏មានត្រៀមកម្លាំងអន្តរាគមន៍ នៅតាមមូលដ្ឋានសរុបប្រមាណជាង៦ពាន់នាក់ និងមានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង១ពាន់នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការនៅក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើង ក្នុងដំណាក់កាល ឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕