ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញឃោសនា លក្ខណៈទ្រង់ទ្រាយធំៗ បានតែ៤លើកទេ។ នេះបើតាមការបញ្ជាក់អោយដឹងពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ចំពោះទម្រង់នៃការហែក្បួនឃោសនាធំ ចែកចេញជា៣ប្រភេទ ទីមួយ មានអ្នកនាំទ្រ និងសមាជិកបក្ស ដើរហែចាប់ពី២០នាក់ឡើងទៅ អមដោយឃោសនស័ព្ទ (មេក្រូ) រួមទាំងមានការចាក់ភ្លេងឬប្រគំតន្ត្រី។ ទីពីរ អ្នកគាំទ្របក្ស ហែដោយរថយន្តពីរគ្រឿង រួមនឹងម៉ូតូ១០គ្រឿង។ ទីបី ការហែមានទោចក្រយានលើសពី២០គ្រឿង។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ហើយបន្ថែមថា តាមដងទន្លេ ទូកឬកាណូត ដែលបានចូលរួមហែបក្សចាប់ពីចំនួនពីរទូកឡើងទៅ ក៏ត្រូវរាប់ចូលជាការហែទ្រង់ទ្រាយធំដូចគ្នា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ខែកក្កដា ដល់២១ខែកក្កដា៕