ពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គម ប្រតិកម្មលោក សម រង្ស៊ី និងបក្ខពួក ដែលញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល

យុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោល កំពុងលេចឡើងនៅលើបណ្តាញសង្គម ដែលជាចលនាញុះញង់ចេញពីក្រុមអ្នកនយោបាយក្រៅប្រទេស គឺលោក សម រង្ស៊ី និងបក្ខពួក នៅមុនការបោះឆ្នោតជាតិមកដល់។

ជុំវិញយុទ្ធសាស្រ្តរបស់អតីតមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់បណ្តាញសង្គមប្រតិកម្ម ហើយចាត់ទុកថានេះចេតនាបំផ្លាញដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ផ្ទុយទៅវិញ ពលរដ្ឋអះអាងថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។

អតីតយុវតីដែលធ្លាប់គាំទ្រចលនាប្រឆាំង កញ្ញា ហាន់ ស៊ូជិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់ បោកបញ្ឆោទរបស់អ្នកនយោបាយ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សដឹកនាំប្រទេសដែលអាចថែរក្សាសន្តិភាពជូនប្រជាជនកម្ពុជាបាន។

នៅក្នុងឃ្លីបវីដេអូ និងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនឈ្មោះ រតនៈរាជ-Han Sujin កាលពីពេលថ្មីៗនេះ យុវតីរូបនេះ បានរំលេច ៣ចំណុច ដើម្បីឲ្យពលរដ្ឋបានយល់អំពីទង្វើរបស់ជនមួយក្តាប់តូច ដែលកំពុងព្យាយាមញុះញង់ប្រជាជាតិខ្មែរឲ្យយល់ច្រឡំចំពោះលទ្ធិប្រជាធិបតេយ្យត្រឡប់មកជាអាណាធិបតេយ្យទៅវិញ។ ១. ខ្លួនអួតថា អ្នកប្រជាធិបតេយ្យ តែអំពាវនាវកុំឱ្យគេទៅបោះឆ្នោតទៅវិញ ឬទៅគូសខ្វែងចោលទៅវិញ នេះឬអ្នកប្រជាធិបតេយ្យ ២. ខ្លួនអួតថា ស្នេហាជាតិ តែតាមពិតបំផ្លាញផលប្រយោជន៍ជាតិ អំពាវនាវឱ្យគេកាត់ជំនួយ កុំឱ្យគេផ្តល់ជំនួយដល់កម្ពុជា ដើម្បីអំណាច ៣. អួតថា ក្រុមអ្នកប្រជាធិបតេយ្យ តែញុះញង់ឱ្យបែរកាណុងរំលំរដ្ឋាភិបាល ព្រោះតែចង់បានអំណាច។

កញ្ញាបន្តថា​ការអញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស ជារឿងដែលត្រឹមត្រូវបំផុត ព្រោះប្រជាពលរដ្ឋម្នាក់ៗជាអ្នកកំណត់ជោគវាសនាជាតិរបស់ខ្លួន ដូច្នេះបើមិនអញ្ជើញទៅបោះឆ្នោតទេនោះ ប្រយ័ត្នស្ដាយក្រោយ ដោយសារជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។

គណនីហ្វេសប៊ុកឈ្មោះ EV Sambo បានលើកឡើងថា៖ «អ្នកត្រូវចាំថា​បេីអ្នកគូសសន្លឹកឆ្នោតចោល ហេីយអ្នកវាយតម្លៃថា​ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​នៃរដ្ឋសភា​នីតិកាលទី៧​ នៅថ្ងៃទី២៣​ កក្កដា​២០២៣​ខាងមុខនេះ​ជាអំពេីអយុត្តិធម៌​ឬធ្វេីឲ្យប្រជាធិបតេយ្យដេីរថយក្រោយ។ នោះអ្នកនឹងក្លាយជាអ្នកចូលរួម/​ចូលដៃបង្កេីតអំពេីអយុត្តិធម៌​និងធ្វេីឲ្យប្រជាធិបតេយ្យនៅកម្ពុជាដេីរថយក្រោយដែរ»។

រីឯគណនីហ្វេសប៊ុកឈ្មោះ មី សុម៉េង បានសរសេរថា៖ «បក្សប្រឆាំងស្លន់ស្លោ ដេករកនឹកធ្វើមិចញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។ ចំណែកពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត ក៏សុទ្ធតែបញ្ចេញមតិស្រដៀងៗគ្នានេះដែរ។

ជាការកត់សម្គាល់ នៅមុនការបោះឆ្នោតជាតិម្តងៗ​លោក សម រង្ស៊ី និងបក្ខពួករបស់ខ្លួន តែងតែប្រើឧបាយកលប៉ុនប៉ងបំផ្លាញដល់ដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ដែលជាការបង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព។ យុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតចោលនេះ ត្រូវបានគេមើលឃើញថា លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តបំផ្លិចបំផ្លាញថ្មីមួយទៀត សម្រាប់ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣នេះ បន្ថែមពីលើយុទ្ធសាស្ត្រដេកផ្ទះឈ្នះស្អាត ក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ ដែលទទួលបរាជ័យទាំងស្រុង៕

អត្ថបទ៖ អក្ខរា