អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលសកម្មភាពចាំជួយសមាជិកប្រឆាំង ដែលរត់គេចទៅក្រៅប្រទេស គឺលោក ហ៊ី ធារី បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញផ្សព្វផ្សាយនានា លោក ហ៊ី ធារី អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានសារភាពរាល់រឿងគ្រប់យ៉ាងខ្លួនធ្លាប់បានប្រព្រឹត្តខុសនាពេលកន្លងមក ព្រោះតែស្ដាប់តាមការណែនាំរបស់ទណ្ឌិត សម រង្ស៉ី ដើម្បីរត់គេចទៅកាន់ប្រទេសថៃ ហើយដើម្បីមានឱកាសបានរត់បន្ដទៅកាន់ប្រទេសទីបី។ ជាមួយគ្នានេះ ទណ្ឌិត សម រង្ស៉ី បានណែនាំឲ្យលោកជាអ្នកដែលចាំជួយដល់សមាជិកគណបក្សប្រឆាំងផ្សេងទៀត ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសដើម្បីបានកាតស្នាក់នៅ មុនចេញទៅប្រទេសទីបី។
លោក ហ៊ី ធារី បានទទួលស្គាល់នូវអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុស និងសុំទោសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអាចចូលរួមក្នុងការអភិវឌ្ឍជាតិ ពិសេសអាចជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមដែលអាចធ្វើទៅបាននៅពេលខ្លួនទទួលបានការលើកលែងទោស៕
អត្ថបទ៖ ពុទ្ធិកា