សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើអ្នកទាំងឡាយដែលបានចាកចេញពីមន្ទីរឃុំឃាំងទៅ នៅក្រៅឃុំក្តី ឬទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តី ត្រូវប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀតឲ្យសោះ ហើយអ្នកដែលមិនទាន់ធ្វើ ត្រូវទប់កុំធ្វើ តែធ្វើជាប់គុកហើយ គ្មានអ្នកណាមកជាប់ជំនួសទេ អាអ្នកនៅក្រៅវាមិនមែនមកជាប់គុកជាមួយយើងទេ។
សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា “រដ្ឋាភិបាលត្រូវមានវិធានការការពារប្រជាជន ១៧លាននាក់ រឿងអ្វីយើងខ្លាចចាត់ការមនុស្ស ១០០នាក់ ២០០នាក់ គឺយើងមិនខ្លាចទេ។ ពូបានប្រកាសទុកជាមុនហើយថា ពូមិនខ្លាចការលះបង់មនុស្ស ១០០ ២០០នាក់ ដើម្បីការពារប្រជាជន ការពារអ្វីដែលមាននៅក្នុងដៃ កុំឲ្យបាត់ត្រឡប់ទៅវិញ”។
ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីដល់កម្មករកម្មការិនីទាំងអស់ រួមគ្នាការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែង៕
អត្ថបទ៖ អក្ខរា