ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ និងផ្សព្វផ្សាយដល់ប្រជាជនឱ្យចេញទៅបោះឆ្នោតឱ្យបានច្រើនបំផុត ដើម្បីអនុវត្តសិទ្ធិជ្រើសរើសអ្នកដឹកនាំ និងការពារលិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា និងទី២. ខិតខំពន្យល់ និងណែនាំប្រជាជនឱ្យយល់ច្បាស់អំពីវិធីសាស្ត្រក្នុងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីក្លាយជាសន្លឹកឆ្នោតបានការក្នុងការគាំទ្រគណបក្សដែលខ្លួនពេញចិត្ត ស្របតាមការសម្រេចចិត្តរបស់ខ្លួនក្នុងបន្ទប់សម្ងាត់៕