សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងចង់បានការបោះឆ្នោតមួយដោយមិនមានការរំខានពីអ្នកណាក៏ដោយ។ មិនចង់ឲ្យមានការរំខាន ឬញុះញង់ពីគ្រប់ឧបាយកលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបំផ្លាញដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករកម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃសភាហើយតាំងពីម្សិលមិញ។
វិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា និងគណបក្សទាំងឡាយណា ដែលបានធ្វើសកម្មភាព រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត និងណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោត បំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕
អត្ថបទ៖ អក្ខរា