សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជន មិនសន្យាទុកមុនទេ អ្វីដែលត្រូវធ្វើគឺធ្វើតែម្ដង ដើម្បីនាំមកផលប្រយោជន៍ជាតិនិងប្រជាជន ដូចអ្វីៗដែលកើតមានជាបន្តបន្ទាប់ នាសព្វថ្ងៃនេះ។
សម្ដេចតេជោ ថ្លែងបន្តថា ក្នុងរដូវឃោសនាបោះឆ្នោតមកដល់នាពេលឆាប់ៗខាងមុខនេះ មានគណបក្សនយោបាយខ្លះ ដើរសន្យាថា បើគេឈ្នះឆ្នោត គេនឹងជួយកសាងផ្ទះក្បឿងជូន ខណៈខ្លួនឯងនៅផ្ទះសង្គសី។ ខ្លះជិះម៉ូតូប៉ុន្តែទៅសន្យាថាបើខ្លួនឈ្នះឆ្នោតគេនឹងឲ្យឡាន។
សម្ដេច តេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាការសន្យា របស់គណបក្សនយោបាយមួយចំនួន ប៉ុន្តែយ៉ាងណាក្នុងរដូវឃោសនានេះ គេមានសិទ្ធិក្នុងការធ្វើការឃោសនា។
នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅតំបន់ព្រៃស្ពឺ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕