សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនានេះ អនុញ្ញាតឲ្យអតីតយុវតីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលដ៏លេចធ្លោ លី ច័ន្ទវត្តី និងក្រុមការងារ I Love Cambodia Hot News ជួបសម្តែងការគួរសម តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
តាមរយៈសំណេរលើហ្វេសប៊ុក លីច័ន្ទវត្តី បានលើកឡើងថា៖ “ថ្ងៃនេះកូនលី ច័ន្ទវត្តីនិងក្រុមការងារ I Love Cambodia Hot News មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានសម្តេចពុកអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម តាមរយៈលោកពូអភិបាលក្រុង Khuong Sreng កូនៗសូមអរគុណលោកពុកដែលបានអភ័យទោសរាល់កំហុសខុសឆ្គងដែលកូនៗ ធ្វេីឱ្យប៉ះពាល់លោកពុក និងរាជរដ្ឋាភិបាលកន្លងមក”។
លី ច័ន្ទវត្តីធ្លាប់ទទួលបានការចាប់អារម្មណ៍ពីសាធារណៈជនមួយចំនួន តាមរយៈការបង្ហោះឃ្លីបវីដេអូ និងសំណេររិះគន់ចំៗ លើការដឹកនាំរបស់រដ្ឋាភិបាលកន្លងមក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន Ly Chan Vatey និងផេកហ្វេសប៊ុក I Love Cambodia Hot News។ លី ច័ន្ទវត្តីត្រូវគេដឹងថា បានចូលប្រឡូកក្នុងរឿងនយោបាយតាំងពីឆ្នាំ២០១៣ និងបានបែកចានឆ្នាំងទៅហើយពីអតីតប្រឆាំង ដោយសារចិត្តមេត្តា ចិត្តគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលក្រសោបយកបានបេះដូងប្រជាពលរដ្ឋទូទាំងប្រទេស និងប្រែមនុស្សពីធ្លាប់តែយល់ខុស មកជាយល់ត្រូវវិញ៕
អត្ថបទ៖ អក្ខរា