សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា ដេកផ្ទះឈ្នះអត់?» ជាពាក្យថ្មីរបស់សម្តេចតេជោ ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ដោយកាលពីបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងចេញសារអំពាវនាវដោយប្រើពាក្យថា «ដេកផ្ទះឈ្នះឯង» ដែលជាយុទ្ធនាការញុះញង់ឲ្យពលរដ្ឋកុំទៅបោះឆ្នោត ឬបើទៅបោះឆ្នោតត្រូវគូសសន្លឹកឆ្នោតចោល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
គួររំលឹកថា ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ពលរដ្ឋគាំទ្រអតីតគណបក្សសង្គ្រោះជាតិផ្ដើមធ្វើយុទ្ធនាការ«ដេកផ្ទះឈ្នះឯង» រីឯអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការ«ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំស្រលាញ់ប្រទេសខ្ញុំ»។ ក្នុងឆ្នាំ២០២៣នេះ ក្រុមប្រឆាំងនៅតែចិញ្ចឹមចិត្ត តាមព្យាបាទរាជរដ្ឋាភិបាល ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួន នៅផ្ទះកុំទៅបោះឆ្នោត ដោយដាក់ចេញជាយុទ្ធនាការ «ដេកផ្ទះឈ្នះឯង»។
សម្ដេចតេជោធ្លាប់បានហៅការដាក់ចេញនូវយុទ្ធនាការ ឬជាការអំពាវនាវរបស់មេដឹកប្រឆាំងនៅក្រៅប្រទេសនេះជាយុទ្ធនាការ «ដេកផ្ទះងាប់ឯង»។ ជាការស្លាប់ជីវិតនយោបាយរបស់ខ្លួនឯង ប្រសិនបើមិនទៅបោះឆ្នោត ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលនឹងចូលជាធរមានមុនការបោះឆ្នោតខាងមុខនេះ នឹងដកសិទ្ធិមិនឲ្យឈរឈ្មោះនៅអាណត្តិក្រោយៗ ចំពោះអ្នកមិនទៅបោះឆ្នោត៕
អត្ថបទ៖ អក្ខរា