ប្រធាន​បក្សភ្លើង​ទៀន លោក ទាវ វណ្ណុល ចាក​ចេញ​ពីកម្ពុជា​ស្ងាត់​ៗ ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​បោក​ប្រាស់​សមាជិក​ខ្លួន

យោងតាមលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានផ្ទេរ​សិទ្ធិជូនលោក សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណ​បក្ស​​ប្រចាំ​ថ្ងៃ ក្នុងពេលអវត្តមានរបស់លោក ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ពេលលោកប្រធានមានវត្តមាន​នៅក្នុងប្រទេសកម្ពុជា។

ការផ្ទេរសិទ្ធិរបស់លោក ទាវ វណ្ណុល និងចាកចេញពីប្រទេសកម្ពុជាស្ងាត់ៗ នាពេលនេះ ធ្វើឡើងក្រោយពីបែកធ្លាយ​រឿង​អាស្រូវ​ដ៏ខ្មៅកង្វក់ ដែលបានឃុបឃិតគ្នាជាមួយជនក្បត់ជាតិ៣ជំនាន់ បោកប្រាស់សមាជិកខ្លួន និងធ្វើឯកសារសុំសិទ្ធិជ្រក​កោន​ទៅរស់នៅប្រទេសបារាំង ។

គួររម្លឹកថា លោកស្រី ញ៉ែម សាវ៉ាត ដែលជាសមាជិក និងជាអ្នកចម្រៀងរបស់គណបក្សភ្លើងទៀន បានចេញវីដេអូ​និយា​យ​​លាត​​ត្រដាតរឿង​អាស្រូវ​ឃុបឃិតគ្នារវាងលោក ទាវ វណ្ណុល និងទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី រួមទាំងបក្ខ​ពួក​ក្នុង​ការយកលុយធ្វើឯកសារដើម្បីបានសិទ្ធិទៅជ្រកកោនទៅរស់នៅប្រទេសបារាំង។

លោកស្រី ញ៉ែម សាវ៉ាត បានអះអាងថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី បានបំភ័យ​និង​បោកប្រាស់ ឱ្យលោកស្រីរត់ទៅប្រទេសបារាំង និងបានចេញលិខិតមួយដើម្បីឱ្យលោកស្រីប្រើប្រាស់។

លោកស្រី ញ៉ែម សាវ៉ាត បានបញ្ជាក់ថា អ្នកដែលអត់មានឯកសារទេ ក្រុមលោក សម រង្ស៊ី ធ្វើការយកលុយធ្វើឯកសារ ដើម្បីសុំសិទ្ធិជ្រកកោននៅទឹកដីបារាំង។ ហើយសូម្បីតតែបារាំងក៏ក្រុមលោក សម រង្ស៊ី បោកដែរ ព្រោះអត់ដឹង ហើយស្អីក៏​ដោយ​ឱ្យតែមានភស្តុតាង និងក្រដាសស្នាម គឺគេជឿតែម្តង ហើយធ្វើម៉េចឱ្យបានឯកសារទាំងនោះ ទោះចំណាយ​អស់​ប៉ុន្មាន​ក៏យើង​ចង់បានឯកសារបញ្ជាក់ពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ដើម្បីយកទៅរត់ឯកសារ​ដើម្បី​សុំសិទ្ធិជ្រកកោនរស់នៅបារាំង។ លោកស្រីបានទៅដល់ទឹកដីបារាំងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ។

ក្រោយការលាតត្រដាងនេះ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត និងបានបញ្ជាឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរ​ជាតិ​កម្ពុជា បំភ្លឺទៅរដ្ឋាភិបាលបារាំង អំពីលិខិតរបស់ទណ្ឌិត សម រង្ស៊ី។

សម្តេច​តេជោ ហ៊ុន សែន បានសរសេរថា៖ “សូមអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀនដែលចុះ​ហត្ថលេខា​ដោយទាវ វណ្ណុលជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោល​គុកតើមានទំនាក់ទំនង​យ៉ាង​ណាជាមួយគ្នា?។

សូមក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំងលើករណីលិខិតទណ្ឌិតរត់ចោលគុកដែលមានចរិត្តមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផងនិងបោកប្រាស់រដ្ឋាភិបាលបារាំងផង។រឿងបោកប្រាស់បែបនេះបានកើតឡើងច្រើនរួចមកហើយឯរដ្ឋាភិបាលបរទេសក៍ចាញ់​បោកក្រុមនេះច្រើន​ហើយដែរ។”

អត្ថបទ៖ ពុទ្ធិកា

វីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត៖