លេចមុខ​អតីត​តំណា​ង​រាស្ត្រ​បក្ស​ប្រឆាំង​៣​រូប ឈរ​​ឈ្មោះ​ក្នុង​​​​បក្សរ​បស់​​លោក ញឹក ប៊ុនឆៃ

គណបក្ស​ខ្មែរួបរួ​មជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបាន អតីតតំណាងរាស្ត្រ បក្សប្រឆាំង៣រូប ជាបេក្ខជន​ឈរ​ឈ្មោះ​ពេញសិទ្ធិ តំណាងឲ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។

នៅក្នុង​បញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ គឺលោក​ យ៉ែម​ បុញ្ញឫទ្ធិ​ ដែលជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥​ នៃ​អតីតគណបក្សសង្គ្រោះជាតិ ​និងបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ បាន​ឈរឈ្មោះជាបេក្ខជន​តំណាង​រាស្ត្រ​ពេញសិទ្ធិជាថ្មីម្ដងទៀតនៅមណ្ឌលខេត្តព្រៃវែង តំណាង​ឲ្យ​គណបក្សខ្មែររួបរួមជាតិ។

រីឯលោក​ ង៉ោ​ គឹមជាង​ អតីតតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង​ នៃអតីតគណបក្សប្រឆាំងនេះ កាលពី​អា​ណត្តិទី​៥ បានក្លាយជា​បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តត្បូងឃ្មុំ​ និងអតី​ត​តំណាងរាស្ត្រខេត្តព្រៃវែងមួយទៀត គឺលោក​ ទួត​ ឃឿត ឈរជាបេក្ខជនតំណាងរាស្ត្រពេញ​សិទ្ធិ​លេខ​រៀង​ទី២ មណ្ឌលខេត្តបាត់ដំបង នៃគណបក្សខ្មែររួបរួមជាតិ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌល ខេត្ត​បន្ទាយ​មានជ័យ ស​ម្រា​ប់​​ការបោះឆ្នោតជាតិ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គណបក្សខ្មែររួបរួមជាតិ បានដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះបោះឆ្នោតនៅមណ្ឌលទាំង ២៥រាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់៕