បក្សធម្មាធិបតេយ្យ គាំទ្រឲ្យចាត់វិធានការច្បាប់ លើ​អ្នក​ប្រមូលផ្តុំ​ប្រឆាំ​ង​នឹងដំណើរការរៀបចំ​ការ​បោះឆ្នោត​នៅកម្ពុជា

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។ ការប្រកាសគាំទ្រនេះបានធ្វើឡើង​នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី ពោធិតី សាវត្ថី បានលើកឡើងថា គណបក្ស​ភ្លើង​ទៀន​ កំពុង​ធ្វើជំនួញប្រជាធិបតេយ្យ មានបំណងចង់នាំកម្ពុជា ឲ្យក្លាយទៅជាប្រទេស​អ៊ុយក្រែន​ទី​២ និងសូមអំពាវនាវដល់​ប្រជាពលរដ្ឋកុំចាញ់កលនយោបាយ​គណបក្សប្រឆាំង​មួយនេះ​ ដែល​មាន​បរទេសនៅពីក្រោយ។

ជាមួយគ្នានេះ លោកស្រី ពោធិតី សាវត្ថី បានលើកឡើងទៀតថា គណបក្សភ្លើងទៀនមិនគោរព​សេចក្តី​សម្រេច​​​របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលហើយបិទផ្លូវតវ៉ា មិនត្រឹមតែ​មិនគោរព​តាម​ច្បាប់ និងមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុណ្ណោះទេ បែរ​ជាប្រកាសកៀរគរ ធ្វើបាតុកម្ម ដែលនេះគឺជាទង្វើមិនស្របច្បាប់ប្រទេសកម្ពុជា។

លោកស្រី ក៏បានអំពាវនាវដល់បរទេសឱ្យបញ្ឈប់ការ លូកដៃ ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងកម្ពុជា ហើយប្រជាជនកម្ពុជាត្រូវការសន្តិភាព​មិនត្រូវការសង្គ្រាមដូចប្រទេសអ៊ុយ​ក្រែនទេ។ ដោយលោកស្រីចាត់ទុកថា គណបក្សភ្លើងទៀនកំពុងតែលេងហ្គេមបរទេស។ ពួក​គេ​មិ​ន​គោរព​ច្បាប់​ពេលខ្លួនឯងធ្វើខុសគឺផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ ទោះបីពុំ​មាន​គណបក្ស​ភ្លើង​ទៀន​ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ប្រព្រឹត្ត​ទៅនៅថ្ងៃទី២៣​ខែកក្កដា​ឆ្នាំ២០២៣ ក៏ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌  ដែលមាន​គណ​បក្ស​​នយោបាយចំនួន១៨ ចូលរួមបោះឆ្នោតប្រកួតប្រជែង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បដិសេធ​ចោលបណ្តឹង របស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះ​ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់ គ.ជ.ប។ ក្រោមហេតុផលមិនមាន​ឯកសារគ្រប់គ្រាន់ គណបក្សប្រឆាំងទាំងពីរនេះ ត្រូវបានផាត់ចោលដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពោលគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គ្មានវត្តមានក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានព្រម​ទទួល​យក​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តែ​គណបក្សភ្លើងទៀន បែរជាប្រកាសប្រមូលផ្តុំមនុស្សប្រមាណ ដើម្បីតវ៉ាប្រឆាំងនឹង​សេចក្តី​សម្រេច។ ដែលទង្វើនេះត្រូវបានរដ្ឋាភិបាលចាត់ទុកជា សកម្មភាពមួយមានចេតនា បង្កឲ្យ​មានភាព​វឹកវរ​ដល់សង្គមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕