តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ ទី១. ជំហររឹងមាំក្នុងការដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣. ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ចសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច។
ជាមួយគ្នានេះ ឯកឧត្តមថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។ បើតាមឯកឧត្ត ហ៊ុន ម៉ាណែត ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ៕