សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចាប់បានលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ ហើយងាយស្រួលចំណាំ។
សម្ដេចតេជោ មានប្រសាសន៍ក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះថា “មិនមែនចាប់ប៉ះលេខ១ លេខ២ទេ ចាប់ចំលេខ១៨តែម្តង ហើយ១៨ ៨បូក១ចេញ៩ នឹងជាហុងស៊ុយ មួយទៀតគឺថាស្រួលរកណាស់ នៅខាងស្តាំងដៃជ្រុងចុងក្រោយគេ ទេវតាបាចផ្កាស្រួលរកណាស់”។
យ៉ាងក៏ដោយសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ត្បិតជាលេខហុងស៊ុយ និងស្រួលចំណាំ ប៉ុន្តែសំខាន់ទៅលើប្រជាពលរដ្ឋជាអ្នកជ្រើសរើសនោះទេ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយមានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ដែលឈរឈ្មោះបោះឆ្នោត។ ឯកឧត្តមបានបន្តថា ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោតការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយ ស្រួលនូវគណបក្សនយោបាយដែលគាត់ស្រឡាញ់ពេញចិត្ត៕
អត្ថបទ៖ អក្ខរា