ពលករខ្មែរនៅថៃជាង ២០០នាក់ ជាអតីតសមាជិកបក្សប្រឆាំង សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា បានប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។

ឯកឧត្ត អ៊ិត សំហេង ចាត់ទុកការផ្លាស់ប្ដូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគិតគូរពីជោគវាសនាប្រទេសជាតិ​ និងការរស់នៅរបស់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា «សន្តិភាព ស្ថិរភាព ជាសមិទ្ធផលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តមប្រធានបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាមិនបោះបង់ពលរដ្ឋរបស់ខ្លួនណាម្នាក់នោះឡើយ មានតែការពារជួយគ្នាទៅវិញទៅមក ហើយខិតខំថែរក្សាសាមគ្គីភាព តួយ៉ាងដូចកាលពីអំឡុង​មានការរាតត្បាតដោយជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំក្រុមការងារចុះជួយពលករខ្មែរដែលនៅប្រទេសថៃ និងពលករដែលធ្វើដំណើរចេញពីប្រទេសថៃចូលស្រុកកំណើតវិញ ដូចជាការសម្រួលការធ្វើដំណើរមកប្រទេសកំណើតវិញ ធ្វើចត្តាឡីស័កនៅតាមព្រំដែន ផ្គត់ផ្គង់រាល់តម្រូវការក្នុងពេលនោះ នៅពេលតេស្ដដឹងថាគ្មានកូវីដ គឺបានរៀបចំរថយន្តនាំពលករទៅដល់ផ្ទះតែម្ដង។

ឯកឧត្តមក៏បានរំឭកនូវការខិតខំធ្វើឯកសារជូនពលករខ្មែរនៅប្រទេសថៃ ដើម្បីធ្វើការងារប្រកបដោយភាពស្របច្បាប់ រស់នៅនិងធ្វើការសុខស្រួល ដោយមិនចាំបាច់ភ័យព្រួយរឿងគេចាប់បញ្ជូនទៅស្រុកវិញ ឬជាប់ទោសទណ្ឌផ្សេងៗ។ ពលករក៏មានការសាទរចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ ស្ថានទូតកម្ពុជានៅថៃ និងក្រុមការងារចំពោះកិច្ចដែលខិតខំធ្វើឯកសារសម្រួលសព្វគ្រប់បែបយ៉ាងជូនពលករនៅប្រទេសថៃ។

ជាមួយគ្នានេះ ឯកឧត្តម បានផ្ដាំផ្ញើពលករខ្មែរនៅប្រទេសថៃដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយអ្នកដែលពុំអាចទៅបានសូមជួយអំពាវនាវដល់ដល់សាច់ញាតិ មិត្តភក្តិ អ្នកស្រុកអ្នកភូមិបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះបន្តទៀត៕