លោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ ឆ្លើតបការរិះគន់មកលើរូបលោកថា រៀនចប់ដល់អនុបណ្ឌិតពីប្រទេសជប៉ុន តែបានត្រឹមធ្វើមន្ត្រីតូចតូច ខុសពីក្មេងរៀនធ្លាក់បាក់ឌុប ដែលសំដៅទៅអ្នកនាង ធី សុវណ្ណថា បានធ្វើធំ។
សកម្មជននយោបាយប្រឆាំង លោក ហៃ វណ្ណា ថ្មីៗនេះ បានបង្ហោះលើហ្វេសប៊ុករិះគន់ថា៖ “រៀនចប់អនុបណ្ឌិតពីប្រទេសជប៉ុនបានត្រឹមធ្វើមន្រ្តីតូចខុសស្រឡះពីក្មេងរៀនធ្លាក់បាក់ឌុបបានធ្វើធំហេីយជានាយិកាសកលវិទ្យាល័យទៀត។” ការរិះគន់នេះ សំដៅទៅលោក អ៊ា ចរិយា ដែលទើបបានទទួលមុខតំណែងជានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រថ្មី។ សកម្មជនរូបនេះឲ្យដឹងថា លោកចរិយាធ្លាប់ជាសិស្សច្បងរបស់ខ្លួននិងធ្លាប់ជាអតីតប្រធានសមាគមនិស្សិតខ្មែរនៅជប៉ុននិងជាអ្នករៀនសូត្រចេះដឹងពីប្រទេសជប៉ុន។
ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៊ា ចរិយា បានសរសេរឡើងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “ខ្ញុំសូមគាំទ្រ និងលើទឹកចិត្តឲ្យមានមតិផ្ទុយ និងការរិះគន់ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ និងក្នុងន័យស្ថាបនាដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សូមកុំធ្វើការរិះគន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងភាពល្បីល្បាញ ដែលអាចនាំឲ្យមានការបែកបាក់ និងភាពហិនហោចដល់អង្គភាព និងសង្គមជាតិ។ ជាក់ស្តែង អ្នកដឹកនាំល្អៗមួយចំនួននៅលើពិភពលោក ពុំមានសញ្ញាបត្រខ្ពង់ខ្ពស់នោះទេ ហើយអ្នកដែលមានសញ្ញាបត្រខ្ពង់ខ្ពស់ក៏មិនប្រាដកជាអ្នកដឹកនាំល្អដែរ។ មិនថាក្នុងវិស័យឯកជន សាធារណៈ ឬអង្គការសង្គមស៊ីវិលនោះទេ អ្នកដឹកនាំល្អ ត្រូវមានឧបនិស័យជាច្រើនដូចជា៖ បទពិសោធការងារ ចំណេះដឹង ឬជំនាញ ចរិយាសម្បត្តិ ទំនាក់ទំនង ការដោះស្រាយបញ្ហា ការទទួលខុសត្រូវ នវានុវត្តន៍ ជាដើម។ល។
ខ្ញុំសូមឲ្យបង ប្អូនទាំងអស់គ្នាយកផលប្រយោជន៍ជាតិជាធំ និងមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្តែងមតិ ដើម្បីឲ្យមានការផ្តល់ប្តូរជាវិជ្ជមានដល់សង្គមជាតិ”។
គួរបញ្ជាក់ថា លោក អ៊ា ចរិយា ជាអ្នកបានរៀនសូត្រជ្រៅជ្រះនៅកម្ពុជា និងជប៉ុន និងមានបទពិសោធច្រើនលើការងារសុវត្ថិភាពចរាចរណ៍។ លោកជាអតីតនាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ហើយបច្ចុប្បន្នលោកបានកាន់មុខតំណែងនាយករដ្ឋបាលសាលាក្រុងអរិយក្សត្រដែលទើបបង្កើតថ្មី។
ដោយឡែក អ្នកនាង ធី សុវណ្ណថា ដែលពីមុនជាយុវតីគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព ហើយក្រោយមកបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ វ័យ ២៨ឆ្នាំ អ្នកនាង ធី សុវណ្ណថា ធ្លាប់បានអះអាងថា កម្រិតវប្បធម៌របស់ខ្លួននាពេលបច្ចុប្បន្ន គឺបរិញ្ញាបត្រជាន់ខ្ពស់ ហើយមានបទពិសោធ១០ឆ្នាំលើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ៕
អត្ថបទ៖ អក្ខរា