យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាស ទទួលស្គាល់ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបាន ប្រព្រឹត្តធ្វើឡើង នៅថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីការធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្រប តាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សមហាសាមគ្គីជាតិខ្មែរ សូមធ្វើការប្រកាសជាឱឡាឫកថា ក្រុមប្រឹក្សាធម្មនុញ្ញជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យ សម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភាមុននឹងអនុម័តដាក់ឲ្យប្រើប្រាស់ត្រូវ ឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារ:សំខាន់បំផុតមិន អាចខ្វះបាន៕