សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលបានបញ្ជាក់ថាគណបក្សពុំមានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ។
ការព្រមទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន នាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ខ្ញុំក៍មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរបើទោះជាខ្ញុំដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ។”
គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបដិសេធមិនទទួលយកពាក្យសុំទោសរបស់លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀននោះឡើយ។លោក ជា ប៉ូច ធ្លាប់បានប្រកាសប្តេជ្ញាផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឲ្យបានប្រហែលជា២ខែមុននេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿង លោក ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយ រាប់ទាំងលោក ជា ប៉ូច បានសរសេរលិខិតមកសុំទោសសម្តេចកាលពីថ្ងៃ១៥ឧសភា២០២៣។ ទាំងសារសម្លេងជា ប៉ូចទាំងលិខិតជា ប៉ូចសុទ្ធតែទទួលស្គាល់ពាក្យទម្លាក់សម្តេចតេជោ ហ៊ុន សែន ឲ្យបាន។
សម្តេចតេជោ ក៏បានបញ្ជាក់ប្រាប់ទៅ លោក ជា ប៉ូច ថាពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការ ពន្យល់របស់លោក ជា ប៉ូច ក្នុងលិខិតកាលពីថ្ងៃ១៥ ខែឧសភា២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។
សម្តេចថា លោក ជាប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែលោក និងបក្សរបស់ខ្លួនមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។
ទន្ទឹមគ្នានេះ សម្តេចតេជោ បានបន្ថែមថា នៅមានរឿងដែលអាក្រក់មួយទៀតដែលមនុស្សក្នុងបក្សរៀបចំឡើងជាលិខិតបដិសេធលើការផ្សាយរបស់ហ្វ្រេសញូFresh newsដែលដាក់ថ្ងៃ១៤ឧសភា២០២៣ ដើម្បីឲ្យលោក ជា ប៉ូច ចុះហត្ថលេខា។ យោងតាមពង្រាងលិខិតនេះ មានគោលបំណងវាយប្រហារលើអង្គភាពFresh newsនិងរក្សាកិត្តិយសខ្លួនទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៍នោះឡើយ។
តាមព័ត៌មានដែលទទួលបានលិខិត នេះត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលសម្តេចសុំឲ្យលោកសេង ម៉ាឌីធ្វើការពន្យល់។ ហើយសុំមេធាវីរបស់សម្តេចត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណី លោក ជា ប៉ូ ទាំងករណីលិខិតបដិសេធ ប៉ុន្តែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា២០២៣ដើម្បីឲ្យ លោក ជា ប៉ូច ធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ។