អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាមេធាវីល្បីខាងកាន់សំណុំរឿងឲ្យសកម្មជនបក្សប្រឆាំងលោក កែត ឃី បានសម្រេចចិត្តលាលែងចេញពីសមាជិកភាពនៃគណបក្សភ្លើងទៀន និង លាឈប់ពីគ្រប់មុខដំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាព រញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា។ នេះបើតាមលិខិតគោរពជូន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតនោះ លោក កែត ឃី សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ជាក់ថា កន្លងមកលោកតែងតែបានតាមដានយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយដឹកនាំរបស់
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការ ដឹកនាំការបង្រួបង្រួមផ្សះផ្សារជាតិនាំមកនូវសុខសន្តិភាព ឯករាជ្យភាពជាតិពេញបរិបូរ។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានផ្សារភ្ជាប់ជាមួយគណបក្សប្រជាជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសជោគជ័យនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា…។ កត្តាទាំងអស់នេះហើយដែលបានជម្រុញឱ្យលោកមានជំនឿលើការ ដឹកនាំរបស់សម្ដេចតេជោនៅថ្ងៃនេះក៏ដូចជាទៅថ្ងៃអនាគត។
បន្ទាប់ពីទទួលបានលិខិតសំណើសុំនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈតេឡេក្រាមបានប្រកាសស្វាគមន៍ឯកឧត្តម កែត ឃី អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងជាមេធាវី ដែលបានស្នើសុំមកចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ អក្ខរា