លោក ស៊ុយ ឆៃលាង ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជា បេក្ខជនពេញសិទ្ធិឈរ ឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេសកម្ពុជាទៅថ្ងៃអនាគត ។
ក្នុងលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧ ឧសភា លោក ស៊ុយ ឆៃលាង បញ្ជាក់ពីមូលហេតុនៃការចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ថាដោយសារបានមើលឃើញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រទេសកម្ពុជាមាន ការអភិវឌ្ឍន៍លើគ្រប់វិស័យដែលរូបលោកជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចចំពោះស្នាដៃដ៍មហិមានេះបានឡើយ។ ពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំប្រទេសកាន់តែវឌ្ឈនៈ ភាពឥតឈប់ឈរ ។
លោក ស៊ុយ ឆៃលាង បន្តថា កន្លងមកបានចូលរួមបម្រើជាថ្នាក់ដឹកនាំនៃអតិតីគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដោយថ្នាក់ដឹកនាំ មិនគោលជំហរ ច្បាស់លាស់ មានតែការបង្កភាពវិកវរ ប្រទូសរាយចលាចលក្នុងប្រទេស ទើបលោកសម្រេចចិត្តចូលរួមជីវភាពនយោបាយ ដោយស្មោះស្ម័គ្រឥតងាករេជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះរហូតតទៅ ។
ជាមូយគ្នានេះ លោក ស៊ុយ ឆៃលាង បានសង្កត់ធ្ងន់ថា សម្ដេចតេជោ បានដឹកនាំប្រទេសចេញពីរបបបនប្រល័យពូជសាសន៍ប៉ុលពត រហូតប្រទេស ទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់រូបខ្ញុំចងចាំមិនអាចបំភ្លេចបានឡើយ នៅលេពេលនេះ ខ្ញុំបាទសូមអបអរសាទរព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានធ្វើអោយកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិដែលមានសម្ដេចតេជោ ជា ប្រមុខដឹកនាំរាជរដ្ឋាភិបាល ។
លោកក៏សូមគាំទ្រនៃគោលនយោបាយគណបក្សប្រជាជនកម្ពុជា និង គាំទ្រយ៉ាងពេញទំហឹងសម្រាប់ ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា លោក ស៊ុយ ឆៃលាង ជាអតីតសមាជិកក្រុមការងារនៃគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ជាប្រធានក្រុមការងារទទួលបន្ទុកចុះជួយស្រុកព្រះនេត្រព្រះ នៅឆ្នាំ២០១២ ដល់២០១៧ ។ ជាសមាជិកក្រុមការងារនៃគណបក្សភ្លើងទៀនប្រចាំខេត្តកណ្តាល និងជាប្រធានក្រុមការងារទទួលបន្ទុកចុះជួយស្រុកពញាឮ នៃ ខេត្តកណ្តាល នៅឆ្នាំ២០២២ដល់ឆ្នាំ២០២៣។ ហើយនៅត្រឹមខែឧសភា ឆ្នាំ២០២៣ លោកជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន ៕