កម្ពុជា-អាហ្សង់ទីន ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង និងស្របទស្សនៈគ្នាលើសសរស្តម្ភបី

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Claudio Javier Rozencwaig អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយការបរទេស នៃក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងការគោរពប្រណិប័តន៍ នៃសាធារណរដ្ឋអាហ្សង់ទីន បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅទីក្រុង Buenos Aires កាលពីសប្តាហ៍មុន។

ក្រសួងការបរទេស បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តផ្នែក​នយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសនីមួយៗ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាពហុភាគី។ ភាគីទាំងពីរ បានស្របទស្សនៈគ្នាបន្តកសាងទំនាក់ទំនងទ្វេភាគីលើសសរស្តម្ភចំនួនបី គឺទំនាក់ទំនងនយោបាយ ទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាក្នុងការរៀបចំ​ផែនទីបង្ហាញផ្លូវសម្រាប់ជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួម។

គួររំលឹកថា ក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម លោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ នៃសាធារណរដ្ឋអាហ្សង់ទីន នៅទីក្រុងញូវយ៉កកាលពីខែកញ្ញា ឆ្នាំ២០២២ ភាគីទាំងពីរបានបង្ហាញពីបំណងប្រាថ្នារួមរបស់ប្រទេសទាំងពីរ សម្រាប់ទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន។

ក្នុងពេលនោះ ប្រមុខការទូតកម្ពុជាចាប់អារម្មណ៍ប្រទេសអាហ្សង់ទីន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងតំបន់អាស៊ានលើវិស័យសក្តានុពលជាច្រើន រួមមានសុខភាព សន្តិសុខស្បៀង កសិកម្ម និងនេសាទ ការទាញយកថាមពល និងរ៉ែ ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ៕

អត្ថបទ៖ អក្ខរា