ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ។
តាមរយៈលិខិតរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន សម្រាបជូនលោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស។ បន្ទាប់មកត្រូវមានកំណត់ហេតុ ស្ដីពីការបាត់បង់បញ្ជាក់ដោយប៉ុស្តិ៍នគរបាលរដ្ឋបាលរួចហើយ សាមីគណបក្សត្រូវដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃសាជាថ្មី។
សូមជម្រាបថា ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ៥ (ប្រាំ) ត្រូវបាន គ.ជ.ប ចេញលិខិតជូនដំណឹងឱ្យបំពេញបន្ថែមចំណុចខ្វះខាត។ ក្នុងនោះ គណបក្សមហាសាមគ្គីជាតិខ្មែរ កំពុងបំពេញបន្ថែមនូវចំណុចខ្វះខាតចំនួន ២ (ពីរ) ចំណុចតាមលិខិតជូនដំណឹងលេខ ៤៧៣ គ.ជ.ប ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
គ.ជ.ប បានឲ្យដឹងថា ក្នុងដំណើរការដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ២០ (ម្ភៃ) បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា