គ.ជ.ប បដិសេធ​គណបក្សភ្លើងទៀន​ ក្នុងការចុះ​បញ្ជី​គណបក្ស​​នយោបាយឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។

គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះ​ក្នុងបញ្ជី​គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់ នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាម កថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់​ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕