សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំណត់យកក្រោយថ្ងៃបោះឆ្នោតរួចនៅខែកកក្កដា ទទួលជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀនតាមការស្នើសុំរបស់គណបក្សនេះ។
សម្ដេចតេជោចាត់ទុកបក្សប្រឆាំងនេះថា មានគំនិតច្របូកច្របល់ដោយសុំជួបជាមួយនឹងសម្ដេចតែបានប្រើលោក ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំសម្ដេចប្រហែល ២ខែមុន។ តែយ៉ាងណា ការអនុញ្ញាតទទួលជួបនេះសម្តេចក៏ចង់ដឹងថាតើជា ប៉ូច ទំលាក់សម្ដេចដោយរបៀបណា?
ក្នុងសារនៅយប់ថ្ងៃទី១៣ ខែឧសភា សម្តេចតេជោ បានបញ្ជាក់ថា៖ «ថ្ងៃនេះជាមួយ និងសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និងដោយការប្រកាសរបស់ រ៉ុង ឈុន ផង ខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀន សុំជួបសំដែងការគួរសម ដែលនាំមកដោយ ជា ប៉ូច។ តើ ភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។ សម្រាប់លិខិតសុំជួប បែរជាប្រើ ជា បូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល២ខែមុននេះ។ (សូមស្តាប់សម្លេង ជា ប៉ូច ដែលបាននិយាយនិងផ្សព្វផ្សាយកន្លងមក)។ ខ្ញុំក៏ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ ហ៊ុន សែន ដោយវិធីណា?។ អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយខ្ញុំជាប់រវល់ផង ខ្ញុំសូមកំណត់យក ម៉ោង៩ថ្ងៃ៣០ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត»៕
អត្ថបទ៖ អក្ខរា